(សៀមរាប)៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យសរុប ១៦៣០នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន១៣រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងកណ្តាល។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI ខេត្តសៀមរាប មានទំហំផ្ទៃដីសរុបចំនួន ១០ ២៩៩,៤៣គីឡូម៉ែត្រក្រឡា មានក្រុងចំនួន២ ស្រុកចំនួន១១ សង្កាត់ចំនួន១៤ ឃុំចំនួន៨៦ ស្មើនឹង ៩១០ភូមិ។ ខេត្តសៀមរាប មានព្រំប្រទល់ខាងជើង ជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ខាងត្បូងជាប់ខេត្តបាត់ដំបង និងបឹងទន្លេសាប ខាងកើតជាប់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ និងខាងលិចជាប់ខេត្តបន្ទាយមានជ័យ។
ខេត្តសៀមរាប មានគ្រួសារសរុបចំនួន ២៨ ៦២៣៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ១ ២១៤ ៧៣១នាក់ ស្រី ៦១៦ ៦៦២នាក់។ នៅឆ្នាំ២០២៥ ខេត្តសៀមរាប មានផលិតផលក្នុងស្រុក(GDP) សរុបប្រមាណ ២ ៧៥៤លានដុល្លារ និងផលិតផលសរុបសម្រាប់មនុស្សម្នាក់ៗ (GDP Per Capital) មានប្រមាណ ២ ១៩១ដុល្លារ។
ដោយឡែកខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភាគពាយ័ព្យ នៃប្រទេសកម្ពុជា មានចម្ងាយ ៤៦៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណេរតាមផ្លូវជាតិលេខ៥ មានចម្ងាយ ៤៦៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងធ្វើដំណើរតាមផ្លូវជាតិលេខ៦ មានចម្ងាយ ៤៤៧គីឡូម៉ែត្រ។ ខេត្តឧត្តរមានជ័យ មានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះវិហារ ខាងលិចជាប់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តសៀមរាប និងខាងជើងជាប់ជាមួយខេត្តចំនួន៣ របស់ថៃ គឺខេត្តសុរិន្ទ ខេត្តបុរីរ៉ាំ និងខេត្តស៊ីសាកេត មានប្រវែងសរុប ២២៤គីឡូម៉ែត្រ។
ខេត្តឧត្តមានជ័យមាន ក្រុងចំនួន១ និងស្រុកចំនួន៤ ឃុំចំនួន១៩ សង្កាត់ចំនួន៥ និងភូមិចំនួន ៣០៨ភូមិ មានផ្ទៃដីសរុប ៦ ៦៥៥,៤០គីឡូម៉ែត្រក្រឡា មានប្រជាជនសរុប២៧៦ ៧១៤នាក់ ស្រី ១៣៦ ៦៩៩នាក់។ ខេត្តឧត្តរមានជ័យ មានទំហំសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៤៤៤ ៤០៣ លានដុល្លា ស្មើ ១ ៧៧៧ ៦១១លានរៀល ខណៈចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋមានចំនួន ១ ៦០៦ដុល្លារ។ ខេត្តឧត្តរមានជ័យ ជាខេត្តមានស្ថានភាពសេដ្ឋកិច្ចលំដាប់ទាបជាងគេទូទាំងប្រទេស។
ខេត្តឧត្តរមានជ័យ មានច្រកទ្វារអន្តរជាតិសំខាន់ៗចំនួន ៣រួមមាន៖ ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតនៅក្នុងក្រុងសំរោង ច្រកទ្វារព្រំដែនជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនជប់គគីរ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល៕



















































No comments:
Post a Comment