(ត្បូងឃ្មុំ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦»។
ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណមាត់ទន្លេសិប្បនិម្មិត ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប រួមមាន លោក វង សូត អនុប្រធានទី២ រដ្ឋសភា,
លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានថ្លែងស្វាគមន៍ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងកសិករ។ លោកបានសង្កត់ធ្ងន់ថា ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយទុរេនត្បូងឃ្មុំ បាននិងកំពុងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងលេចធ្លោ។ ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែជាការបើកឱកាសទីផ្សារជូនកសិករផ្ទាល់នោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពរឹងមាំ នៃសេដ្ឋកិច្ចសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរឲ្យមកស្គាល់ខេត្តត្បូងឃ្មុំកាន់តែច្រើនឡើង។
ជាមួយគ្នានោះ លោក វង សូត ក៏បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើននៃកសិផលខ្មែរ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ និងជំរុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ។ លោក បានបញ្ជាក់ថា ក្រៅពីការរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានស្តង់ដារខ្ពស់ហើយនោះ កត្តាដែលមិនអាចមើលរំលងបានគឺសុខភាពរបស់ប្រជាពលរដ្ឋ។ លោកបានដាស់តឿនអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃគ្នាពង្រឹងការត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនាំចូលពីក្រៅប្រទេស ឲ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពជូនប្រជាពលរដ្ឋ។
ចំពោះកម្មវិធីពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃនេះ ភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត នឹងទទួលបានបទពិសោធន៍ដ៏សម្បូរបែប តាមរយៈការទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូងឃ្មុំ ដែលល្បីល្បាញខាងរសជាតិផ្អែមឆ្ងាញ់ ពិដោរឈ្ងុយ និងដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
លើសពីនេះ ភ្ញៀវចូលរួមដទៃទៀតក៏អាចស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែធម្មជាតិជាច្រើនមុខ រួមមាន មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងកសិផលបន្ទាប់បន្សំជាច្រើនប្រភេទ ព្រមទាំងបានចូលរួមលើកទឹកចិត្ត និងជំរុញជីវភាពប្រជាកសិករតាមរយៈការបញ្ជាទិញផលិតផលពីស្តង់ពិព័រណ៍ដោយផ្ទាល់។ ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម តាមរយៈការសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះទំនើប និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជីវករ និងអ្នកស្រឡាញ់វិស័យកសិកម្មទាំងអស់ ចូលរួមទស្សនា និងទិញដូរឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់កសិផលខ្មែរ ជាពិសេសទុរេនខេត្តត្បូងឃ្មុំ ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕






































No comments:
Post a Comment