លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំគណៈប្រតិភូនៃក្រសួង និងមន្ទីរកិច្ចការនារី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ចុះសួរសុខទុក្ខវីរកងទ័ព និងយកអំណោយប្រគល់ជូនវីរកងទ័ពកងពលតូចអន្តរាគមន៍លេខ៩ ឈរជើងនៅភូមិសាស្ត្រមុំបី ដែលដឹកនាំដោយលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការ និងក្រោមការជួយសម្របសម្រួលដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។
នាឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បាននាំយកសារផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ព្រមទាំង សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលសម្តេច តែងតែនឹងករលឹក និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ព និងបងប្អូនជនភៀសសឹក។
លោកជំទាវកិត្តិបណ្ឌិត បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការព្យាយាមរកដំណោះស្រាយដោយសន្តិវិធីតាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែន និងស្វែងរកយុត្តិធម៌ជូនប្រទេសជាតិ។
លោកជំទាវកិត្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវីរភាពរបស់កងទ័ពទាំងអស់ ជាពិសេសយោធិនជាស្ត្រី ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត និងបូជាអាយុជីវិត ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងការការពារបូរណភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជា។
អំណោយដែលបានឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ៩ រួមមាន៖ ម៉ូតូ ចំនួន២គ្រឿង, រ៉ឺម៉កសណ្ដោង ចំនួន២គ្រឿង, តង់ ទំហំ៤ គុណ៥ម៉ែត្រ ចំនួន១០០តង់, អង្រឹងមុងប៉ារ៉ា ចំនួន១០០អង្រឹង, អាវភ្លៀង ចំនួន១០០អាវ, សូឡា ៥ឈុត, សាប៊ូកក់សក់ ចំនួន៥កេស, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, បារី ២០សុង, ធូបមូស ២កេស, សំឡីអនាម័យ ៣កេស, ការ៉ុងច្រកដី ចំនួន៥,០០០ ការ៉ុង, កាតាបថ្នាំពេទ្យ ចំនួន២, និងថ្នាំពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងនិងមន្ទីរកិច្ចការនារី ព្រមទាំងសប្បុរសជននានា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី អមដោយលោកអភិបាលខេត្ត បានអញ្ជើញបំពេញទស្សនកិច្ច និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាស្ត្រី ដែលកំពុងស្នាក់នៅ មណ្ឌលភៀសសឹកបណ្ដោះអាសន្ន ភូមិតាកឹង បៃតង ស្ថិតក្នុងភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដែលជាប្រជាពលរដ្ឋមកពីតំបន់ក្រហម និងតំបន់លឿង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ៕ អត្ថបទដោយ Nou Seyha



























No comments:
Post a Comment